(ខេត្ដព្រះសីហនុ) ៖ ទូកនេសាទខុសច្បាប់ជាច្រើនគ្រឿងសម្រាប់អូសកូនគ្រែងឈាម ដែលគេប្រទះឃើញកំពុងធ្វើសកម្មភាពអូសកូនគ្រែងឈាមយ៉ាងអនាធិបតេយ្យនៅចំនុចខុសបទ (ព្រែកទទឹង) ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីប្រជានេសាទភូមិកោះខ្យង បានឱ្យដឹងថា ការនេសាទអូសកូនគ្រែងឈាមតូចៗ ដែលមិនទាន់អាចបរិភោគបាន គឺខាងជំនាញរដ្ឋបាលជលផលហាមឃាត់ជាដាច់ខាត និងបានចាត់ចូលជាបទល្មើសនេសាទខុសច្បាប់។

តែផ្ទុយទៅវិញ ក្នុងស្ថានភាពជាក់ស្ដែង ត្រូវបានគេសង្កេតឃើញថា គិតចាប់ពីថ្នាក់សង្កាត់រដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ កំពុងតែបើកដៃឱ្យក្រុមឈ្មួញនេសាទកូនគ្រែងឈាមខុសច្បាប់យ៉ាងគឃ្លើនជាថ្នូរទៅនឹងការបង់លុយរាប់លានរៀលក្នុងមួយថ្ងៃជំនួសការបង្ក្រាប។

ប្រភពដដែលបន្តថា ក្រុមអ្នកនេសាទទូកអូសកូនគ្រែងឈាមដែលកំពុងធ្វើសកម្មភាពទាំងថ្ងៃ-ទាំងយប់ រាល់ថ្ងៃនេះ គឺសុទ្ធសឹងតែមានថៅកែ (មេកញ្ចែង) ជាអ្នកសម្របសម្រួលមន្ដ្រីរដ្ឋបាលជលផលក្នុងខេត្តព្រះសីហនុហើយ ទើបអាចចេញទូកទៅអូសកូនគ្រែងឈាមបានដោយជោគជ័យ។

ប្រភពដដែលបានបន្ថែមទៀតថា ប្រសិនបើប្រជានេសាទណា ដែលគ្មានខ្សែ-ទុយោ និងខ្នងបង្អែក និងថៅកែ (មេកញ្ចែង) កាងឱ្យទេ ពេលចេញទូកទៅអូសកូនគ្រែងឈាមម្តងៗ គឺគ្មានភ័ព្វសំណាងគេចរួចពីកន្តាប់ដៃរមន្ត្រីជលផលឡើយ។ នៅពេលដែលជំនាញរដ្ឋបាលជលផលចាប់បានត្រូវបង់លុយយ៉ាងតិចចាប់ពី៦០ម៉ឺនរៀល ទៅជាង១លានរៀល ឬអាចច្រើនជាងនេះទើបអាចយកទូក និងសម្ភារៈនេសាទត្រលប់មកផ្ទះវិញបាន។

ប្រជានេសាទជាច្រើននាក់បានបង្ហាញទស្សនៈថា ខណៈរដូវកូនគ្រែងឈាមបានឈានមកដល់កាលពីអំឡុងដើមខែឧសភា និងកកើតច្រើននៅចន្លោះខែសីហា រហូតដល់ខែវិច្ឆិកា នៅតំបន់កោះខ្យង ស្ថិតក្នុងភូមិសាស្ត្រឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គេសង្កេតឃើញថា មានប្រជានេសាទមួយចំនួនបានងាកមកនេសាទអូសកូនគ្រែងឈាមយ៉ាងអនាធិបតេយ្យមកលក់ឱ្យឈ្មួញញក្នុងតម្លៃខ្ពស់ ចន្លោះពី ៤០,០០០ (បួនម៉ឺន) រៀល ទៅ ៦០,០០០ (ប្រាំមួយម៉ឺន) រៀលក្នុងមួយគីឡូក្រាម ដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយខ្វល់ពីផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលពួកគាត់ប្រកបរបរលក្ខណៈគ្រួសារ (រាវគ្រែងឈាមដោយដៃ) ជារៀងរាល់ឆ្នាំបន្ទាប់ពីកូនគ្រែងឈាមចាប់ផ្តើមកកើតកូនក្នុងតំបន់ពយកោះខ្យងនេះ ក្នុងអំឡុងចុងខែឧសភា រហូតដល់ចុងខែកញ្ញា ជារៀងរាល់ឆ្នាំ។

ប្រភពដដែលបានលើកឡើងថា ប្រសិនបើមន្ត្រីជំនាញរដ្ឋបាលជលផលចាប់ពីសង្កាត់រដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ នៅតែធ្វើមិនឃើញ មិនដឹង មិនឮ មិនចាត់វិធានការបង្ក្រាបទៀតនោះ ពិតណាស់ធនធានធម្មជាតិនៅតំបន់ពយទឹករាក់កោះខ្យងនេះនឹងវិនាសហិនហោចជាក់ជាពុំខានឡើយ។

ព្រោះកូនគ្រែងឈាមដែលត្រូវបានឈ្មួញធំៗមានឥទ្ធិពលប្រចាំតំបន់កោះខ្យងប្រមូលទិញ គឺជាប្រភេទកូនគ្រែងឈាមដែលច្បាប់ជលផលហាមឃាត់នេសាទជាដាច់ខាត ដោយសារវាមានលក្ខណៈតូចពេក គឺចាប់ពីប៉ុនជើងធូបរហូតដល់ប៉ុនចុងចង្កឹះ (កូនគ្រែងឈាម ១គីឡូក្រាម មានចំនួនចន្លោះពី ៥,០០០កូន ទៅ ១០,០០០កូន) រីឯកូនគ្រែងឈាមមានទំហំធំជាងនេះ គឺមានតម្លៃថោក ឬអាចមិនត្រូវបានទទួលទិញឡើយ ហេតុដូច្នេះហើយ តើមានសល់អ្វីទៀតបើអូសតាំងពីកូនទើបតែកកើតបែបនេះនោះ។

ប្រភពពីមន្រ្តីមូលដ្ឋានបានលើកឡើងថា “ភាពមិនប្រក្រតី នៃអំពើពុករលួយរបស់មន្រ្តីជំនាញរដ្ឋបាលជលផលជាមួយថៅកែកូនគ្រែងឈាមគឺបានត្រូវរូវគ្នាសឹងតែដុះស្លែរទៅហើយ។ ថៅកែកូនគ្រែងឈាមគឺជាឆ្នាំងបាយដ៏មានសក្តានុពលរបស់មន្រ្តីជំនាញរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះសីហនុ។

ទាក់ទិននឹងបទល្មើសខាងលើក្រុមការងារយើង មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីនាយសង្កាត់រដ្ឋបាលជលផល នាយផ្នែករដ្ឋបាលជលផល និងនាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានទេ។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសបងប្អូនប្រជានេសាទភូមិកោះខ្យង សូមសំណូមពរចំពោះលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចាត់វិធានការចំពោះមន្ត្រីរដ្ឋបាលជលផលពុករលួយមួយចំនួនដែលកំពុងទទួលលុយរាប់លានរៀលក្នុងមួយថ្ងៃពីមេកញ្ចែងនេសាទកូនគ្រែងឈាមនៅទីតាំងខាងលើថ្នូរនឹងការមិនបង្ក្រាបនៃការនេសាទកូនគ្រែងឈាមដែលច្បាប់ជលផលបានហាមឃាត់នៅតំបន់ពយទឹករាក់កោះខ្យងនេះផងទាន៕

មតិរបស់អ្នក