សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០កញ្ញា មហាសន្និបាតអាយប៉ាបានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញរបស់ខ្លួន រួមមានគណៈកម្មាធិការសមាជិកសភាស្រ្តី គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ា។

សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា៖ (១)តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី (២)ការចូលរួមរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុង ការកសាងសហគមន៍អាស៊ាន(៣)តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការងើបឡើងវិញ នៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩ ជាដើម។ ក្នុង នោះមហាសន្និបាត បានសម្រេចឯកភាព ប្រទេសម៉ារ៉ុកនិង ប្រទេសន័រវេស ចូលជាប្រទេសសង្កេតការណ៍របស់អាយប៉ា។

មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែក កិច្ចសហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ានដោយធ្វើយ៉ាងណាឱ្យចក្ខុវិស័យរបស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅបានដោយជោគជ័យ។ មហាសន្និបាតលើកទី៤២ នឹងប្រព្រឹត្តទៅនៅប្រទេសប៊្រុយណេនាឆ្នាំ២០២១ខាងមុខនេះ។

មុនពិធីបិទបញ្ចប់មហាសន្និបាតនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រតិភូប្រទេសជាសមាជិកទាំងអស់បានចុះហត្ថលេខាលើរបាយការណ៍រួម (Joint Communiqué) ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤១ ដោយភាពស្និទ្ធស្នាលជាទីបំផុត តាមប្រព័ន្ធវីដេអូ៕

មតិរបស់អ្នក