(ភ្នំពេញ) ៖ ជម្លោះដីធ្លីផ្អើលដល់អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអាជ្ញាធរ រវាងឯកឧត្ដម មាស ប៊ុនឡី និងឧកញ៉ា តឹក ង៉ូយ តំណាងក្រុមហ៊ុនចិន (ធូដេ បូកគោ ឌីវេឡុបមេន) លើដីអនុក្រឹត្យភ្នំបូកគោ មិនទាន់បានដោះស្រាយគ្នានៅឡើយទេ ដោយឯកឧត្ដម មាស ប៊ុនឡី ប្រកាសជំហរមិនចចារឡើយ ដរាបណាឧកញ៉ា តឹក ង៉ូយ ចេញមុខផ្សាយលាងមុខមាត់ឯកឧត្ដមឡើងវិញ។

យោងតាមកិច្ចសម្ភាសតាមទូរស័ព្ទ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឧកញ៉ា តឹក ង៉ូយ ថ្លែងបញ្ជាក់ថា លោកមិនទាន់ទទួលបានការចចារណាមួយនៅក្រោយភ្ជំបិណ្ឌជាមួយឯកឧត្ដម មាស ប៊ុនឡី នោះទេ។ ករណីនេះ ឧកញ៉ាបើកឱកាស ដើម្បីបើកការចចរគ្នា ព្រោះឧកញ៉ាមិនចង់មានជម្លោះនោះទេ ហើយក៏មិនចង់ឲ្យបរទេសវាយតម្លៃមកលើកម្ពុជាគ្រាន់តែរឿងប៉ុណ្ណឹងនោះដែរ។

លោកឧកញ៉ាតំណាងក្រុមហ៊ុនចិន បានថ្លែងបន្ថែមថា ទោះបីជាយ៉ាងណាប្រធានក្រុមហ៊ុន (ធូដេ បូកគោ ឌីវេឡុបមេន) បានដាក់ពាក្យបណ្ដឹងរួចរាល់អស់ហើយ។ លោកឧកញ៉ាសង្ឃឹមជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោថា នឹងមានដំណោះស្រាយឆាប់ៗ ក្នុងការសម្របសម្រួលតាមគោលនយោបាយឈ្នះៗ។

សូមជម្រាបថា ឯកឧត្ដម មាស ប៊ុនឡី ធ្លាប់បានបដិសេធមិនចចារជាលោកឧកញ៉ា តឹក ង៉ូយ ជាដាច់ខាតដរាបណា លោកឧកញ៉ាមិនធ្វើសន្និសិទសារព័ត៌មានបំភ្លឺកិត្ដិយសឲ្យឯកឧត្ដមវិញ។ ឯកឧត្ដមថា លោកឧកញ៉ាមិនបានប្ដឹងអាជ្ញាធរសោះ បែជាប្ដឹងអ្នកសារព័ត៌មានធ្វើការចុះផ្សាយទៅវិញ បើសិនមិនបំភ្លឺទេមានតែច្បាប់ទេ ទើបដោះស្រាយបាន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ឯកឧត្ដម តឹក ង៉ូយ តំណាងក្រុមហ៊ុនចិន លោក ចិន វង់ ប្រធានក្រុមហ៊ុនចិន និងប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ាចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី ថា បានចូលកាន់កាប់ដីក្រុមហ៊ុនទាំងបំពានច្បាប់ ហើយប្រជាពលរដ្ឋចូលមើលព្រុំដីមិនបាន ត្រូវបានកម្លាំងឯកឧត្ដម មាស ប៊ុនឡី ហាមឃាត់។

ការផ្ទុះការតវ៉ានេះ ដោយមិនមានអាជ្ញាធរណាចូលរួមនោះទ ដោយមានតែអ្នកសារព័ត៌មាន នឹងភាគីម្ចាស់ដីទំនាស់ ដែលកំពុងធ្វើការជជែកតវ៉ាយកឈ្នះចាញ់រៀងៗខ្លួនតែប៉ុណ្ណោះ៕

មតិរបស់អ្នក