(ខេត្ដសៀមរាប) ៖ ជារឿងដែលនឹកស្មានមិនដល់ ដែលលោកស្មៀន និងមេឃុំគោកធ្លកលើ រួមជាមួយលោកអភិបាលរងស្រុកម្នាក់ បានគាំទ្របុគ្គលមិនមែនម្ចាស់ដីឈ្មោះ ឈាន ទូច ដោយបានប្ដឹងប្រជាពលរដ្ឋទៅតុលាការខេត្ដសៀមរាប យ៉ាងអយុត្ដិធម៌ជាទីបំផុត រហូតដល់ប្រជាពលរដ្ឋប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមពាក្យបណ្ដឹង មានខ្លឹមសារថា កាលពីឆ្នាំ២០០៧ មានស្ដ្រីមេម៉ាយម្នាក់ឈ្មោះ នួន ឡាង មានកូនប្រុសមួយនាក់(១) បានបួសធ្វើជាចៅអធិការវត្តប្រាសាទប្រាំ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយបានទិញដីនៅក្នុងភូមិបឹងធំ ឃុំគោកធ្លកក្រោម និងភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ការទិញដីនេះ ដោយមានលោកតាម្នាក់ឈ្មោះ មាស សួន បានឲ្យប្រជាជនដើរទិញដីនៅទីនោះ បានប្រមាណជាងមួយរយហិកតា(១០០ហិកតា) ដើម្បីទុកធ្វើជាសហគមន៍ និងទុកជាមនុស្សធម៌ផ្សេងៗទៀត។

ឯការទិញនោះក្នុងតម្លៃមួយពាន់ដុល្លារ (1000$)ក្នុងមួយហិកតា ប៉ុន្ដែក្នុងការទិញដីនេះមានស្ដ្រីម្នាក់ឈ្មោះ ទ្រី សុខអ៊ីម (ចែហ្គិច) ជាអ្នកចាត់ចែងឲ្យត្រឹមតែតម្លៃ២៥០ដុល្លារ (250$) ក្នុងមួយហិកតាទៅបីរយដុល្លារ (300$) តែប៉ុណ្ណោះ។

តំណាងប្រជាពលរដ្ឋទិញដីនេះរួមមាន៖
១/យិន ឡាន, ២/ពេជ្រ ថា, ៣/ឡុង ដា ៤/ហ៊ុន គង់ ៥/ឈ្មោ រើន ៦/ហង់ ហេង ៧/គត់ ស៊ត់ និងឈ្មោះជាច្រើននាក់ទៀត ដោយទិញបានដីចំនួន១៩៥ហិកតា។ ក្នុងនោះផងដែរ ដីចំនួន១៩៥ហិកតានេះត្រូវបានឈ្មោះ ទ្រី សុខអ៊ីម (ចែហ្គិច) បានសន្យាឲ្យប្រជាពលរដ្ឋម៉ូតូអាសង់ឌ្រីមទៅឲ្យប្រជាពលរដ្ឋម្នាក់មួយ ប៉ុន្ដែទីបញ្ចប់អត់ឲ្យនោះទេ។ បន្ទាប់មកបានឲ្យមេការនាំគ្នា ជួលប្រជាពលរដ្ឋឲ្យកាប់ទ្រូសព្រៃជាងមួយរយហិកតា ហើយសន្យាថា នឹងសងថ្លៃកក់ទិញដីឲ្យប្រាក់ពលកម្មទ្រូសព្រៃ ប៉ុន្ដែក្រោយមកឈ្មោះ ទ្រី សុខអ៊ីម (ចែហ្គិច) បានបោកប្រាស់ប្រជាពលរដ្ឋដោយមិនឲ្យប្រាក់ទៅវិញ។

តំណាងប្រជាពលរដ្ឋទាំងអស់ បានដាក់ពាក្យតវ៉ាដល់មេឃុំគោកធ្លកលើ ហើយមេឃុំគោកធ្លកលើសន្យាថា ជួយទាមទាឲ្យសងដី២០ហិកតាមកវិញ ប៉ុន្ដែមិនបានសម្រេចនោះទេ ទើបប្រជាពលរដ្ឋចូលទៅគ្រប់គ្រងអាស្រ័យផលលើដីមួយចំនួន ដើម្បីរងចាំការដោះស្រាយបន្ដ តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៧-២០១៨-២០១៩ ឈ្មោះ ទ្រី សុខអ៊ីម (ចែហ្គិច) បានប្រាប់ថា ម្ចាស់ដី នួន ឡាង បានផ្ទេររសិទ្ធឲ្យគាត់លក់ចំនួន៧០ហិកតា និងលក់ពីមុនជាបន្ដបន្ទាប់អស់ជាច្រើនហិកតា។

ក្នុងចន្លោះពីឆ្នាំ ២០១៥-២០១៦ ប្រជាពលរដ្ឋបានដឹងថា ម្ចាស់ដីមានឈ្មោះ នួន ឡាង បានស្លាប់បាត់បង់ជីវិត ហើយស្ដ្រី ទ្រី សុខអ៊ីម (ចែហ្គិច) ក៏បានមកលក់ដីទាំងអស់តែម្ដង ដោយមិនបានសំណងអ្វីទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងប្ដឹងប្រជាពលរដ្ឋតំណាងទាំង០៩នាក់ទៅតុលាការ ក្នុងនោះមានឈ្មោះ ឡុង ដារ ត្រូវបានតុលាការចាប់ដាក់គុកម្នាក់ និងឈ្មោះ ហ៊ុន គង់ ត្រូវព្យួរទោស១ឆ្នាំ ឯតំណាងប្រជាពលរដ្ឋមួយចំនួនទៀត ត្រូវបានមេឃុំឈ្មោះ ទូច ទ្រី និងឈ្មៀន យឹម ស៊ិច គំរាមកំហែងដាក់គុកជាបន្ដបន្ទាប់។

តែសំណាងល្អបានប្រធានតុលាការសាលាដំបូងខេត្តសៀមរាប និងសាលាឧទ្ទរណ៌ បានសម្រេចរក្សារការពារដីបានមួយចំនួនធំជាបណ្ដោះអាសន្នឲ្យប្រជាពលរដ្ឋអាស្រ័យផលរងចាំឈ្មោះ នួន ឡាង មកចូលខ្លួនដោះស្រាយចំពោះមុខផ្លូវច្បាប់។ ក្នុងកំឡុងពេល ២០១៩-២០២០ ត្រូវបានប្រជាពលរដ្ឋអាស្រ័យផលបន្តទៀត តាមសាលក្រមរបស់តុលាការ តែត្រូវបានស្មៀន ស៊ិច និងមេឃុំ ទូច ទ្រី និងអភិបាលរងស្រុកឈ្មោះ ថុល ទទួលខាងទំនាស់ដីធ្លីមកហាមឃាត់មិនឲ្យដាំដុះ និងអាស្រ័យផលបន្ដទៀតឡើយ មិនត្រឹមតែប៉ុណ្ណោះលោកមេភូមិ ឡុង យួន, ស្មៀន យិម ស៊ិច, មេឃុំ ទូច ទ្រី និងអភិបាលរងស្រុកឈ្មោះ ថុល ឲ្យឈាន ទូច ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដោយបានប្ដឹងថា ប្រជាពលរដ្ឋគំរាមសម្លាប់ និងឈូសឆាយបំផ្លាញដំណាំឈ្មោះ ឈាន ទូច ឲ្យខូចខាតខ្ទិចខ្ទី ហើយបុគ្គលទាំងបួន ដែលធ្លាប់ហាមឃាត់ប្រជាពលរដ្ឋដាំដុះអាស្រ័យផល ថែមទាំងមកតុលាការធ្វើជាសាក្សីឲ្យឈ្មោះ ឈាន ទូច ទៀតផង។ តែតាមពិតដីនេះប្រជាពលរដ្ឋថែរក្សាការពារអាស្រ័យផលជាហូហែរយៈពេលជាង១០ឆ្នាំមកហើយ មិនដែលឃើញមានឈ្មោះ ឈាន ទូច មកបង្ហាញមុខ ឬអាស្រ័យផល លើដីនេះត្រង់ណាបន្ដិចសោះឡើយ។

ចំពោះលោកមេភូមិ ឡុង យូន, ស្មៀន យឹម ស៊ិច, មេឃុំ ទូច ទ្រី បានពឹងពាក់ថ្មីៗអោយលោកអភិបាលស្រុករងឈ្មោះ ថុល ទទួលខាងទំនាស់ដីធ្លីរួមគ្នា ឃុបឃិត គំរាមកំហែងប្រជាពលរដ្ឋ និងឡើងមកតុលាការធ្វើជាសាក្សីក្លែងក្លាយទៀតផង។ អាស្រ័យហេតុនេះ សូមឯកឧត្តមទេសរដ្ឋមន្ដ្រី ឳម យិនទៀង ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ មេត្តាជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋរស់នៅភូមិបឹងធំ ភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាបផងទាន។

ជាពិសេសទៅទៀតចំពោះស្មៀន យឹម ស៊ិច និងមេឃុំ ទូច ទ្រី តែងតែធ្វើបាបប្រជាពលរដ្ឋជាដរាប តែប្រជាពលរដ្ឋមានគេមកទិញដីធ្លីលោកស្មៀន និងមេឃុំ តែងតែអុកឡុករំខានមុខរបរមិនឲ្យបានចំណេញទាល់តែសោះ។ ម្យ៉ាងវិញទៀតមានឈ្មួញបោកប្រាស់ មិនដែលបានជួយដោះស្រាយប្រជាពលរដ្ឋឡើយ ថែមទាំងបានគំរាមប្រជាពលរដ្ឋជាដរាប និងមេឃុំ ទូច ទ្រី តែងតែដើរំលោភយកដីប្រជាពលរដ្ឋជាច្រើនគ្រួសារ សូម្បីតែបងប្អូនថ្លៃខាងប្រពន្ធមេឃុំក៏បំភិតបំភ័យបន្លែបន្លំដីបងប្អូនខ្លួនឯងទៀតផង។

ជាពិសេសប្រជាពលរដ្ឋទូទៅសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុនសែន ជួយអោយមេឃុំ ទូច ទ្រី កុំបង្ហូរទឹកទ្រនប់ ទ្រនប់ម្កាក់ចោលសោះ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានកសាងអស់ប្រាក់រាប់សែនដុល្លារ តែទីបំផុតប្រជាពលរដ្ឋអត់ទឹកស្រោចស្រពអាស្រ័យផលទាល់តែសោះ កាលពីមិនទាន់មានទំនប់ម្កាក់ ធ្វើឲ្យខូចខាតដំណាំដាំដុះស្រូវអង្ករ។ ហើយប្រជាពលរដ្ឋរអ៊ូរទាំស្ទើតែពេញឃុំទាំងមូល នេះបើតាមប្រជាពលរដ្ឋទូទៅបញ្ជាក់យ៉ាងដូច្នេះ។

ជាទីបញ្ចប់ប្រជាពលរដ្ឋរស់នៅឃុំគោកធ្លកក្រោម ឃុំគោកធ្លកលើ ស្រុកជីក្រែង ទាំងមូល សូមប្រសិទ្ធពរជូនសម្តេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុនសែន និងក្រុមគ្រួសារ បុត្រាបុត្រី សូមអោយទេវតារក្សាព្រះស្វែតឆ័ត្រព្រមបរមរាជវាំង ប្រសិទ្ធពរជ័យឲ្យសម្ដេចទាំងទ្វេរមានព្រះជន្មាយុយឺនយូ ជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជាពលរដ្ឋទូទាំងនគរ និងដើម្បីនាំប្រទេសប្រកបទៅដោយសន្ដិភាព និងការអភិវឌ្ឍន៍តរៀងទៅ៕

មតិរបស់អ្នក