(រាជធានីភ្នំពេញ​) ៖ ថ្ងៃ​ទី៧​ ខែតុលា​ ឆ្នាំ​២០២០​ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ក្រសួង​សុខាភិបាល​ និងទទួលបានការឧបត្ថម្ភពីអង្គការខាណា​ វគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់ត្រូវបានបេីកក្រោមអធិបតីភាពលោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកវេជ្ជបណ្ឌិត​ ភូ​ លាង​ អគ្គនាយករងបច្ចេកទេស​សុខាភិបាល​ ដោយមានអញ្ជេីញចូលរួមពីលោក​ជួប​ សុខចំរើន​ នាយកប្រតិបត្តិអង្គការខាណា​ តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ សង្កាត់​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ទាំង៨ ក្នុងខណ្ឌច្បារអំពៅ តំណាងសុខាភិបាលមូលដ្ឋាន​ និងអង្គការពាក់ព័ន្ធ។

លោក​ ជួប​ សុខចំរើន​ នាយកប្រតិបត្តិអង្គការខាណាបានប្រសាសន៍ថា​ មន្រ្តីអនុវត្តច្បាប់និងមន្រ្តីផ្តល់សេវាព្យាបាល​ និងសេវាកាត់បន្ថយគ្រោះថ្នាក់​ជាដៃគូ​ចាំបាច់ដែលអាចជួយអ្នកញៀនគ្រឿងញៀនទទូលបានសេវាព្យាបាលផ្តាច់ភាពញៀន​ និងសុវត្ថិភាពពីការឆ្លងមេរោគអេដស៍​ ជំងឺអេដស៍​ និងជំងឺដទៃទៀត។

ក្នុងឱកាសនោះ​ លោកវេជ្ជ​បណ្ឌិត​ ភូ​ លាង​ បានប្រសាសន៍ថា​ ការព្យាបាលភាពញៀនគ្រឿងញៀនមានលក្ខណៈស្មុគ្រស្មាញ និងត្រូវការរយៈពេលយូរ (យ៉ាងតិច ១ឆ្នាំ) ដូច្នេះចាំបាច់ត្រូវមានការចូលរួមទទួលខុសត្រូវពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ មានមេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ នាយកសាលា អាចារ្យ ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត គណ:​កម្មការកិច្ចការនារីឃុំ-សង្កាត់ ជាពិសេសវាត្រូវការភាពជាដៃគូមិនអាចខ្វះបានរវាងមន្ត្រីសុខាភិបាល និងមន្ត្រីអនុវត្តច្បាប់ ក្រោមយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពមួយនៅក្នុងមូលដ្ឋានផ្ទាល់ នោះទើបយើងអាចធានាបានដំណើរការផ្តល់សេវាមួយដែលមានភាពស៊ីសង្វាក់គ្នាដោយរលូន មានប្រសិទ្ធិភាព​ និងគុណភាព នៅតាមមណ្ឌលសុខភាព​ ពេទ្យបង្អែក​ ពេទ្យជាតិ​។

ក្នុងឱកាសនោះដែរ​ លោកវេ​ជ្ជបណ្ឌិត ភូ​ លាង​ បានមានប្រសាសបន្តថា​ ការព្យាបាលអ្នកញៀនគឺជាការងារចាំបាច់ណាស់​ ត្រូវធ្វេីឱ្យបានឆាប់រហ័ស​ ទាន់ពេល​ ដេីម្បីកុំឱ្យពួកគាត់ធ្លាក់ចូលជ្រៅទៅក្នុងស្ថានភាពជំងឺខួរក្បាលរ៉ាំរ៉ៃ​ធ្ងន់ធ្ងរឈានទៅប្រព្រឹត្តនូវបទល្មេីសបង្កផលវិបាកដល់សន្តិសុខសង្គម​ និងសហគមន៍៕

មតិរបស់អ្នក