នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត បានអញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

ក្នុងនោះលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរ គុណចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់លោករដ្ឋមន្ត្រីនិងសហការី ព្រមទាំងបានរាយការណ៍ពីការងារផ្សេងៗដែលអាជ្ញាធរជាតិអប្សរាបាននឹងកំពុងរៀបចំកែលម្អសោភ័ណ ភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិ សមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ខៀវ កាញារិទ្ធ បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រទៅនឹងសមិទ្ធផលដែលកើត ឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងរំពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។

ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀតដើម្បីជាប្រយោជន៍ និងមុខមាត់របស់ប្រទេសជាតិ ពិសេសទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរ៕

មតិរបស់អ្នក