(ភ្នំពេញ​) ៖ នៅព្រឹកថ្ងៃទី​១២​ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស​ ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបែកចែកស្នងការរងម្នាក់ ដឹកនាំមន្ដ្រីចុះចែកម៉ាស នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញផងដែរ។ ក្នុងនោះ ប្រជាពលរដ្ឋម្នាក់ទទួលបានចំនួន២ ហើយតម្រូវឲ្យពាក់ភ្លាមៗនៅកន្លែងតែម្ដង។

គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាសភ្លាមៗ ដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរណ៍៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួលបានម៉ាសចំនួន២លានពីក្រសួងសុខាភិបាល។

កអភិបាលរាជធានី បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់សហគមន៍កម្ពុជា៕

មតិរបស់អ្នក