(ភ្នំពេញ) ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងលោកស្រី ទ្រី សុផានិត បញ្ជូនទៅកាន់តុលាការនៃអយ្យការអមសាលាដំបូងនារសៀលនេះ គ្រាន់តែចូលដល់ក្លោងទ្វារតុលាការភ្លាម លោកស្រី ទ្រី សុផានិត បានប្រកាច់សន្លប់ស្ដូកស្ដឹងតែម្ដង ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

មុនគេបញ្ជូនមកតុលាការ លោកស្រី ទ្រី សុផានិត មានសុខភាពរឹងមាំ ដែលអាចដើរបាន និងឡាយតាមបណ្ដាញហ្វេសប៊ុកបាន ប៉ុន្ដែគេមិនដឹងថា យ៉ាងម្ដេចបានជាសន្លប់ស្ដូកស្ដឹងតែម្ដង។ ករណីនេះផងដែរមានមន្ដ្រីធំៗមួយចំនួន បានព្យាយាមអន្ដរាគមន៍ជួយលោកស្រី ទ្រី សុផានិត ដែរ ប៉ុន្ដែច្បាប់ត្រូវតែអនុវត្ដន៍តាមនីតិវិធី ដោយមិនយោគយល់បុគ្គលណាម្នាក់ឡើយ។

ការឃាត់ខ្លួនអ្នកលក់អនឡាញខាងលើនេះ តាមរយៈដីការបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ហម ម៉េងសែ ពីបទ ៖ បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ បទល្មើសព្រហ្មទណ្ឌខាងលើនេះផងដែរ មានចែង និងផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា៣០៥, ៤៩៤ និងមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា មូលហេតុឈានដល់ការឃាត់ខ្លួនអ្នកលក់អនឡាញខាងលើនេះ ដោយសារលោកស្រី ទ្រី សុផានិត មិនបានចូលបំភ្លឺតាមដីការកោះរបស់តុលាការ កាលពីថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២០ ដោយបានអះអាងថា មានជំងឺផ្ដាសាយធំ។

ប៉ុន្ដែមានភស្ដុតាងតាមរយៈការឡាយតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១, ទី១២, ខែវិច្ឆិការ ឆ្នាំ២០២០ ដែលអាចបញ្ជាក់ថា លោកស្រី ទ្រី សុផានិត មិនបានឈឺដូចសាម៉ីខ្លួនបានអះអាងនោះទេ នេះជាចេតនាភូតកុហក និងរឹងរូសប្រឆាំងការបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ។

ជនសង្ស័យ ទ្រី សុផានិត បន្ទាប់ពីបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌកំរិតស្រាលក្រសួងមហាផ្ទៃ ដើម្បីកសាងសំណ៉ំរឿង រួចបញ្ជូនបន្ដទៅតុលាការចាត់ការបន្ដតាមនីតិវិធី ប៉ុន្ដែមិនទាន់បានចូលទៅផង ស្រាប់តែសន្លប់ស្ដូកស្ដឹងតែម្ដង៕

មតិរបស់អ្នក