(ភ្នំពេញ) ៖ ទីបំផុតជនជាប់ចោទ ណើ ចាន់ត្រា អតីតម្ចាស់ប្រេន CTM ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃ៉ំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ក្រោយពីបានសាកសួរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា ជនជាប់ចោទ ណើ ចាន់ត្រា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ តាមដីការបញ្ជារឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីឆបោកលុយកូនក្រុមបានជិត៨០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនជនជាប់ចោទរូបនេះបានស្ថិតនៅបូរីពិភពថ្មី២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកកាន់ការិយាល័យនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណ៉ំរឿង បញ្ជូនបន្ដទៅកាន់តុលាការ។

មុនការឃាត់ខ្លួនជនជាប់ចោទរូបនេះ គឺមានដីការបញ្ជារឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែជនជាប់ចោទរូបនេះរឹងរូសមិនបានចូលមកបំភ្លឺតាមដីការនោះទេ។

បច្ចុប្បន្នជនជាប់ចោទ ណើ ចាន់ត្រា ត្រូវបានចៅក្រមស៉ើបសួរ សម្រេចឃ៉ំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរងចាំសវនាការកាត់ក្ដីបន្ដទៀត៕

មតិរបស់អ្នក