(ភ្នំពេញ) ៖ ស្ងប់ស្ងាត់ការប្រកាសចេញផលិតភាពយន្ត ជាច្រើនខែពេលនេះទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានចាប់ផ្តើម​ចេញ​​ផលិតភាពយន្តភាគជាថ្មីហើយ ដែលដើមឆ្នាំនេះភាពយន្តរឿង “រសស្នេហ៍ផ្លែល្វា” ជាស្នាដៃថ្មីក្រោមការសម្តែងរួមគ្នាជាតួឯក៣នាក់តែម្តងគឺលោក សេង មង្គល កញ្ញា ឈិន ស៊ាវម៉ី និងលោក ឈឹម សក្កដា។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីក្រុងពាលីប្រកាសចេញថតភាពយន្តខាងលើក្រោមវត្តមានផលិតករ សិល្បករ ជាច្រើនចូលរួម។

កញ្ញា ឈិន ស៊ាវម៉ី ដែលបាត់មុខពីការងារសិល្បៈមួយឆ្នាំមកហើយនោះទទួលបានតំណែងជាតួឯកស្រីក្នុងភាពយន្តនេះ ខណៈដែលតួឯកប្រុសមានដល់ទី២នាក់គឺលោកឈឹម សក្កដា និងលោក សេង មង្គល។ តារាសម្តែងស្រីរូបនេះ​លើកឡើងថា ក្រោយផ្អាកការងារសិល្បៈពេញមួយឆ្នាំនាងចាប់ផ្តើមទទួលយកការងារនេះឡើងវិញ ព្រោះកន្លងទៅជាប់រវល់នឹងការងារផ្ទាល់ខ្លួន និងស្របតាមការសំណូមពររបស់អ្នកគាំទ្រ ដែលចង់ឃើញនាងប្រឡូកការងារសិល្បៈ​ជាថ្មី។ នាងថាភាពយន្តនេះនាងសម្តែងជាតួអង្គឈ្មោះ វ៉ាន់ដាលី ជាតួអង្គស្រីស្អាតឈ្លាសវៃ រួសរាយរាក់ទាក់ ហ្មឺងម៉ាត់ និងលាយភាពកាចឆ្នាសខ្លះផងដែរ។ នាងថាជាការបើកទំព័រការងារសិល្បៈឡើងវិញដែលនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

តារាសម្តែងលោក សេង មង្គល វិញលើកឡើងដែរថា ជាភាពយន្តដែលលោកបានស្វែងយល់ពីឆ្អឹងរឿងរួចហើយ ហើយលោកចាត់ទុកថាជាសាច់រឿងល្អ និងស្ថិតក្រោមការផលិតពីក្រុមការងារទូរទស្សន៍ដែលមានបទពិសោធន៍ច្បាស់លាស់ដែលលោកហ៊ានដាក់ក្តីរំពឹងថា នឹងជាភាពយន្តដែលមានគុណភាពទាក់ទាញអារម្មណ៍ទស្សនិកជន។ លោកថា ជារសជាតិថ្មីដែលលោកចូលរួមសម្តែងជាមួយសិល្បករដទៃនិងជាការបើកទំព័រឆ្នាំថ្មី និងរំពឹងថានឹងទទួលបបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំង។

លោក ឈឹម សក្កដា វិញបានបញ្ជាក់ដែរថា  ភាពយន្តនេះលោកសម្តែងជាតួអង្គឈ្មោះ ម៉ូនិន្ទ  ជាមនុស្សមានអត្តចរិក​បែបមនុស្សស្ងប់ស្ងត់មិនននិយាយច្រើន មានចំណេះដឹង មានភាពជាមនុស្សចាស់ទុំ។ លោកថាជាលើកដំបូងដែលលោកបានចូលរួមសម្តែងជាមួយតួអង្គទាំងពីរខាងលើ ប៉ុន្តែលោកមិនបារម្មណ៍ឡើយនិងការសម្តែងរួមជាមួយនឹងសិល្បករក្នុងភាពយន្តនេះឡើយព្រោះតែពួកគាត់សុទ្ធតែជាសិល្បករមានសមត្ថភាព ទេពកោសល្យ ហើយលោករំពឹងដែរថា នឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនក្រោយពីផលិតចប់និងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះ។

សូមបញ្ជាក់ដែរថា ក្រៅពីតារាសម្តែងទាំង៣រូបខាងលើក៏នឹងមានវត្តមានសម្តែងពីសិល្បករប្រុសស្រីល្បីឈ្មោះ ជាច្រើនទៀតចូលរួមសម្តែងមានដូចជាកញ្ញា ហាស់ ឌីជូលី កញ្ញា រីស្រីណេត លោក ម៉ុង ប៊ុនណូរ៉ា លោក អៀង ចេនឡា និងសិល្បករជាច្រើនទៀត។ ភាពយន្តនេះអាចនឹងចំណាយពេលនៃការផលិតចាប់ពី៣ទៅ៤ខែមុនពេលការចាក់​បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥៕

មតិរបស់អ្នក