(ខេត្ដឧត្ដមានជ័យ) ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ បានឲ្យដឹងថា មានមនុស្សមួយក្រុមជាសមាជិកឆ្នោតវៀតណាម ដែលគេហៅថា ក្រុមខ្លា បានដើរបញ្ចុះបញ្ចូល និងគំរាមគំហែង​​ប្រជាពលរដ្ឋឲ្យក្រុមរបស់ខ្លួន ប្រសិនបើមិនធ្វើតាមនឹងមានបញ្ហាជាក់ជាមិនខានឡើយ។

មនុស្សមួយក្រុមនេះ បានធ្វើព្យុះភ្លៀង ដោយគេគំរាមប្រសិនបើមិនកត់ឆ្នោតឲ្យគេទេ នោះគេនឹងមានវិធានការណ៍តាម​ផ្លូវច្បាប់ជាមិនខាន ព្រោះគេមានមេធាវីចាំការពារក្ដីក្រុមហ៊ុនរបស់គេទៀតផង។ ហើយបានប្រាប់អ្នកលក់ថា បើមិន​ឡើងឲ្យក្រុមគេទេ ក្រុមគេ នឹងបញ្ជាឲ្យចាប់ភ្លាម មានតែក្រុមរបស់គេទេដែលអាចបញ្ជាឲ្យចាប់ រឺក៏ចង់ ដោះលេង ឬ ក៏ឃុំខ្លួន ហើយមួយម៉ាត់ណាក៍គម្រាមចាប់ចងៗ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា គាត់មិនស្គាល់ម៉ាករថយន្តច្បាស់ទេ តែគាត់បានស្គាល់ផ្លាកលេខរថយន្តនោះ ភ្នំពេញ 2AY.7712 ព៌ណស និង ភ្នំពេញ 2BF.7712 ពណ៌ស និងមានភស្តុតាងជាច្រើន ដូចជា Video ស្តីពីសកម្មភាពបាញ់​ឆ្នោត វៀតណាមចូលក្នុង Group Line  និងឈ្មោះម្ចាស់ Line កូនកញ្ច្រែង Line មេឆ្នោតវៀតណាមប្រចាំតំបន់ និងមេឆ្នោតវៀតណាម (មេខ្លា)។

សូម្បីតែពេលគេប្រជុំអ្នកលក់ឆ្នោតវៀតណាមម្តងៗគេបានគម្រាម កំហែងមិនឲ្យអ្នកណាម្នាក់ថតរូបឡើយ បើសិនអ្នក​ណាហ៊ានលួចថត រឺក៏ផ្តល់ព័ត៌មាននៃការប្រជុំរបស់ក្រុមនេះ គេនឹងផ្តល់កាដូរជូនភ្លាម (បញ្ជាចាប់ ហើយចោទថាលក់ឆ្នោតវៀតណាមខុសច្បាប់)។

ប្រជាពលរដ្ឋគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើការលក់ឆ្នោតវៀតណាមនេះស្របច្បាប់ឬ បានជាមេក្លោងដើរគម្រាម គំហែងឲ្យគេឡើងឆ្នោតឲ្យដូច្នេះ? ក្រុមខ្លានេះពិតជាខ្លាំងមែន មិនដឹងមកពីណា មិនដឹងមានអ្នកធំណាមួយនៅពីក្រោយខ្នង?

ប្រសិនបើអាជ្ញាធរមិនហ៊ានមានវិធានការណ៍តាមច្បាប់ទេនោះ ប្រជាពលរដ្ឋមានតែបន្ដរងទុក្ខហើយ ព្រោះក្រុមនោះហាក់ដូចជាព្រហើនពេកហើយ៕

មតិរបស់អ្នក