(ភ្នំពេញ​) ៖ កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ ក្រោយ​ពីសមត្ថកិច្ច​ព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ បាន​ឡោមព័ទ្ធ​គេហដ្ឋាន​លោក​ស្រី​ឧកញ៉ា អ៊ាន សៀវម៉ី គោលបំណង​នាំខ្លួន​មកបំភ្លឺនៅតុលាការ​រាជធានីភ្នំពេញ​ ប៉ុន្ដែ​លោកស្រី​ឧកញ៉ារូបនេះ បាន​គេចខ្លួន​បាត់តែម្ដង​ ស្រាប់តែនៅរសៀលថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២១ លោកស្រី​ឧកញ៉ាបាន​ចូលបំភ្លឺ​នៅចំពោះ​ចៅក្រម​តែម្ដង​។

ថ្លែង​ពីលោកស្រី​ឧកញ៉ា​ អ៊ាន សៀវម៉ី​ ដ៏ល្បីឈ្មោះនេះផងដែរ​ ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់តាម​រយៈបណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​កន្លងមក​តែងតែ​ប្រើពាក្យ​អសុរោះនឹង​ជេរផ្អើលប្រទេស ជេរហ៊ុយដីសំពោង ជេរមិនរើសមុខមិនថាចាស់ក្មេង ដោយមិនមានអ្នកណាហ៊ានចេញមុខតតាំងជាមួយគាត់ឡើយ ដោយសារគាត់មានលុយ និងល្បីឈ្មោះមានអ្នកធំៗនៅពីក្រោយខ្នង ទើបកន្លងមកគាត់ជេរម៉ាសេរី ហើយនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះទៅនាំខ្លួន​ដល់ផ្ទះ។

លោក​ស្រី​ឧកញ៉ា អ៊ាន សៀវម៉ី មានអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV01 ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួនមកបំភ្លឺម្ដងរួចមកហើយកាលពីព្រឹកថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២០ ប៉ុន្ដែលោកជំទាវ អ៊ាន សៀវម៉ី ចូលមកបំភ្លឺនៅព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ មុនថ្ងៃកំណត់ម្តង។ ការចូលបំភ្លឺ​នេះ ពាក់ព័ន្ធករណី​បរិហារកេរ្តិ៍ញុះញង់ឲ្យមានការរើសអើងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយសារតែទង្វើរបស់គាត់ធ្វើអោយសីលធម៌សង្គមធ្លាក់ចុះ ជាពិសេស គឺប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរយ៉ាងខ្លាំង ទីបំផុតជេរចុះ ជេរឡើងជេរចំគេអ្នកខ្លាំង ជេរចំគេដែលយកច្បាប់ជាធំ គេអត់ជេរវិញទេ គេប្តឹងមានអីរត់មិនសប់ដី។

បន្ទាប់ពីការ​ចូលបំភ្លឺនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ មហាជន​នៅតែរងចាំមើលថា ចំណាត់​ការ​របស់តុលាការ​នឹង​មាន​នីតិ​វិធីបែបណាជាបន្ដទៀត​ ក្នុង​ការចាត់វិធានការណ៍តាម​ផ្លូ​វច្បាប់លើលោកស្រី​ឧកញ៉ា អ៊ាន សៀវម៉ី ឬក៏វាសនា​លោកស្រីឧកញ៉ា​នៅតែបន្ដ​មាន​សេរីភាព​ជាបន្ដទៀត៕

មតិរបស់អ្នក