(ភ្នំពេញ) ៖ កាលពីវេលាម៉ោង០៧៖១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីពលករខ្មែរម្នាក់បានដាច់ជើងមួយកំណាត់ដោយសារជាន់មីន ខណៈឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើចត្តាឡីស័ក។
សមត្ថកិច្ចបានអះអាងថា ពលករខ្មែរម្នាក់នេះ មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ រូបគេបានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា នៅក្នុងភូមិសាស្ត្រអូរលៀង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជាន់មីនបណ្តាលឱ្យដាច់ជេីងខាងស្តាំរបួសធ្ងន់ ហើយពេលនេះរូបគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។
អាជ្ញាធរបានបញ្ជាក់ថា តំបន់ដែលពលករខាងលើឆ្លងដែននេះ ជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ។
ទាក់ទិនករណីនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករទាំងអស់ ឱ្យបញ្ឈប់ការឆ្លងដែនតាមព្រៃភ្នំ ឬច្រកណាមួយដែលគ្រោះថ្នាក់ ហើយត្រូវចូលរួមសហការ ក្នុងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕