មហាជន​ពិត​ជាបាន​ស្គាល់​រួច​​មក​ហើយ​​តារាសម្ដែង​ជើង​​ចាស់ អ្នក​ស្រី​ រ៉េត រ៉ូស ​ ដែលជាអ្នក​សម្ដែង​រឿង​ដ៏ប៉ិន​ប្រសព្វ​ខ្លាំង​បំផុត​ ភាគច្រើន​ក្នុង​ខ្សែភាពយន្ដ​ជាអ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភម្នាក់​ផងដែរ​ ប៉ុន្ដែ​បើក្រឡេក​មើល​ជីវភាព​ខ្លួន​ឯងក្នុង​សង្គម​បច្ចុប្បន្ន​​ គឺក្រខ្សត់ជាទីបំផុត​​ រហូត​​ប៉ុន្មាន​ថ្ងៃមក​នេះ​លោកស្រី​ដាច់​ចិត្ត​សាង​ភ្នួស​ជាដូនជីតែម្ដង​។

កាលពីពេលកន្លងមក​ នៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏ដូចជាផេក​អ្នកនាង​ស្រីអូនសម្រស់ធម្មជាតិ​ បាន​យកជា​ម្ដាយ​ធម៌​ ដោយ​សន្យាមិន​ឲ្យ​ម្ដាយធម៌​របស់ខ្លួន​មានការលំបាក​បន្ដទៀតទេ​។ ដោយ​​មិន​ទាន់​បាន​ប៉ុន្មាន​ខែផង ស្រាប់​តែឃើញ​ហ្វេសប៊ុក​អ្នក​ស្រី រ៉េត រ៉ូស បាន​សាង​ភ្នួស​នៅ​លើភ្នំ​ដង​រ៉ែក​ ខេត្តព្រះវិហារឯណោះវិញ​​ នេះ​ប្រហែល​អ្នក​ស្រីចង់ភ្ជាប់​និស្ស័យ​ជាមួយ​ព្រះធម៌​ ឬយ៉ាងណា​។

ថ្លែង​ជាមួយ​បទសម្ភាសនៅថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ២០២១ នេះ​ អ្នក​ស្រី​ រ៉េត រ៉ូស ពិត​ជាបាន​បួស​នៅ​ភ្នំដង​រ៉ែក​ ខេត្តព្រះវិហារ​ពិត​ប្រាកដ​មែន ដោយ​សារ​តែ​អ្នក​ស្រី​មានការលំបាក​ក្នុង​ជីវភាព​ខ្លាំង​ពេក​ មិន​មានអ្នក​ហៅថត​ខ្សែភាព​យន្ដ​ដូចមុ​ន​ទៀត។ ដោយ​​ឡែកមានអ្នក​ខ្លះ​បាន​យល់ថា អ្នកស្រី​បានក្លាយជាម្ដាយ​ធម៌អ្នក​នាង​ស្រីអូន​ ដែលជាម្ចាស់​ក្រុមហ៊ុន​មានទ្រព្យ​សម្បត្តិស្ដុកស្ដម្ភ​ ហើយ​អ្នក​នាង​ស្រីអូន​បាន​ប្រកាសផ្ដល់​ប្រាក់ខែឧបត្តម្ភ​ទៀត​ ម្ដេចបាន​អ្នក​ស្រីនៅតែ​លំបាក​ទៀត។

ប៉ុន្ដែ​តាម​ការ​បញ្ជាក់ពីលោក​ស្រី​​ បាន​ឲ្យដឹងថា ប៉ុន្មានខែមក​នេះ​អ្នកស្រី​មិនបានទទួល​ប្រាក់​ឧបត្ថម្ភ​ ឬ ប្រាក់ទំនុក​បម្រុង​ពីអ្នក​នាង​ស្រីអូន​ជាកូន​ធម៌នោះទេ ដោយ​អ្នកស្រី​ទំនាក់ទំនង​កូន​ស្រី​មិន​បាន​ ខលមិន​លើក​ ឆាតតាម​តេឡេក្រាម​ក៏មិន​បាន​តប ប្រហែល​កូន​ធម៌​របស់គាត់​រវល់នឹង​ការងារណាស់ហើយ​។ អ្នក​ស្រីបន្ដថា ដោយ​សារ​តែ​មានការ​ល្បី​តា​មបណ្ដាញ​សង្គមថា ជាម្ដាយធម៌​សេដ្ឋីផងនោះ​ ផលិតកម្មផ្សេងៗទៀត​មិន​​បាន​ហៅថតនោះទេ ដោយ​គេថា អ្នកស្រីជាម្ដាយធម៌សេដ្ឋីនីហើយ ចាំបាច់ថតធ្វើអីទៀត​ ហើយ​ដោយ​សារគ្មា​នប្រាក់ទ្រទ្រង់ជីវភាព​ខ្លាំងពេក​ ចង់ខ្ចីប្រាក់​ពីអ្នក​ផ្សេងៗគេមើល​ងាយ​ឲ្យ​ទៀត​​ ជាម្ដាយសេដ្ឋីនីម្ដេចនៅលំបាកទៀត​។

ក្នុង​ការសាងភ្នួស​នៅ​ភ្នំដងរ៉ែក​ ជាប់ព្រំដែនថៃនេះ អ្នក​ស្រីគ្រាន់តែបួស​ដើម្បី​សន្សំកុសល​ និង​រង្ងាប់អារម្មណ៍​មួយ​រយៈ​ ហើយ​សង្ឃឹម​ថា​ ម្ចាស់ផលិត​កម្មផ្សេងៗទៀត​ សូម​មេត្តា​អញ្ជើ​ញ​អ្នក​ស្រី​ឲ្យ​ថត​ខ្សែភាពយន្ដ​វិញផង ព្រោះ​អ្នក​ស្រី​មានអាជីព​ខាងសម្ដែង​ និង​រស់នៅដោយសារតែការសម្ដែង​នេះហើយ​។ ក្រោយ​ពេល​ដល់ការ​កំណត់​អ្នក​ស្រីនឹង​វិលត្រឡប់មក​សម្ដែង​ជាខ្សែភាពយន្ដ​នៅតាម​ផលិតកម្ម​នានា​ផងដែរ​។

តើ​ម្ដាយ​ធម៌​អ្នក​នាង​ស្រី​អូន​​សម្រស់ធម្មជាតិ​ផ្សេងៗទៀត​​ មាន​បាន​ទទួលប្រាក់​ឧបត្ថម្ភ​ពី​អ្នក​នាង​ស្រី​អូន​សម្រាស់ធម្មជាតិ​ដូចការសន្យាដែរឬទេ?

តារាសម្ដែង​ជើ​ងចាស់រូបនេះ ក៏មិន​ភ្លេច​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះ​លោកជំទាវ​ ហ៊ុន ស៊ីណាត ដែលបាន​ជួ​យឧបត្ថម្ភ​ថវិការ​ចំនួន​២០០ដុល្លារ​​ និង​លោកជំទាវ​ឯកឧត្តម​ ម៉ក់ ជីតូ បាន​ឧបត្ថម្ភ​ប្រាក់​ ដើម្បី​ផ្គត់ផ្គង់​ពេល​សាង​ភ្នួស​នៅលើភ្នំនេះផងដែរ​៕

មតិរបស់អ្នក