ធម៌ទាំងបួនយ៉ាងខាងក្រោមនេះ គឺជាគន្លិះដ៏សំខាន់សម្រាប់ធ្វើឲ្យយើងសម្រេចបាននូវក្ដីប្រាថ្នា។

១- ឆន្ទៈ ស្រលាញ់ ពេញចិត្ត។ បង្កើតនូវក្ដីសុបិន បង្កើននូវចំណង់ចំណូលចិត្ត និងសេចក្ដីប្រាថ្នាឲ្យខ្ពស់។ ទាំងនេះគឺជាជំហានដំបូងដែលយើងត្រូវរកឲ្យឃើញនូវអ្វីដែលយើងប្រាថ្នា អ្វីដែលយើងចង់បាន អ្វីដែលយើងចូលចិត្ត? ការដែលយើងត្រូវរកឲ្យឃើញនូវអ្វីដែលយើងស្រលាញ់ និងចូលចិត្តធ្វើ គឺជារឿងសំខាន់បំផុតដំបូងគេបង្អស់ ដែលនាំឲ្យយើងសម្រេចគោលដៅបាន។ លោក ស្ទីវ ចប ដែលជាបិតាស្ថាបនិកក្រុមហ៊ុនយក្ស Apple បានលើកលើងថា ” Your work is going to fill a large part of your life, and the only way to be truly satisfied is to do what you believe is great work. And the only way to do great work is to love what you do. If you haven’t found it yet, keep looking. Don’t settle.​ ” ការងាររបស់អ្នកនឹងបំពេញនូវផ្នែកដ៏ធំមួយនៃជីវិតរបស់អ្នក ហើយវាគឺជាគន្លិះតែមួយគត់ដែលធ្វើឲ្យអ្នកពេញចិត្តយ៉ាងពិតប្រាកដនោះគឺត្រូវជឿថា ការងារដែលអ្នកធ្វើ គឺជាការងារដ៏អស្ចារ្យ។ ហើយគន្លិះតែមួយគត់ ដើម្បីធ្វើការងារដ៏អស្ចារ្យនោះបានគឺត្រូវ ស្រលាញ់ ពេញចិត្ត (មានឆន្ទៈ) នូវអ្វីដែលអ្នកធ្វើ។ ប្រសិនបើអ្នកមិនទាន់រកឃើញនូវអ្វីដែលអ្នកស្រលាញ់ចិត្តចូលចិត្តទេ ចូរបន្ដស្វែងរកវាឡើង។ កុំបោះបង់! “។

២- វីរិយៈ ការព្យាយាម។ បន្ទាប់ពីរកឃើញនូវអ្វីដែលយើងស្រលាញ់ចូលចិត្តហើយ យើងត្រូវដុតដៃដុតជើង ព្យាយាមយកឈ្នះគ្រប់ឧបសគ្គដែលយើងជួបឲ្យខាងតែបាន។ ព្យាយាមធំប៉ុណ្ណា ជោគជ័យធំប៉ុននោះ។ មនុស្សជោគជ័យ មិនដែលបោះបង់ មនុស្សបោះបង់ មិនដែលជោគជ័យ។

៣- ចិត្តៈ យកចិត្តទុកដាក់។ មានត្រឹមរបស់ដែលយើងចូលចិត្ត ហើយព្យាយាមធ្វើវា​ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវបណ្ដុះចិត្ត យកចិត្តទុកដាក់ក្នុងការងារនោះៗឲ្យមែនទែន ដើម្បីកុំឲ្យវាថ្លោះធ្លោយ ដោយសារសេចក្ដីប្រមាថរបស់យើង។

៤- វិមំសា ការពិចារណា ។ វិភាគឲ្យគ្រប់ជ្រុងគ្រប់ជ្រោយនូវរាល់ជំហាននៃកិច្ចការ ឬសេក្ដីប្រាថ្នារបស់យើងថាតើ ការងារនោះបើយើងធ្វើមានប៉ះពាល់ប្រយោជន៍អ្នកណាទេ? វាធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារយើងទេ? បើមានបញ្ហាយើងត្រូវដោះស្រាយយ៉ាងណា? មធ្យោបាយណាខ្លះដើម្បីឲ្យយើងមានទំនុកចិត្តក្នុងការងារ ឬសេចក្ដីប្រាថ្នានោះ? និយាយរួមចំណុចទីបួននេះត្រូវវិភាគ និងសួរខ្លួនឯងជានិច្ចដើម្បីដោះស្រាយពេលយើងមានបញ្ហា។

 

អត្ថបទដោយ ៖ ឈូក

មតិរបស់អ្នក