(ភ្នំពេញ) ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន ឲ្យស៊ើបអង្កេត​លើ​បណ្តឹ​ងរ​បស់​មន្ត្រី​នគរបាល​ជា​ស្ត្រីជា​ច្រើន​នាក់ ដែល​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ថា​បៀតបៀន​កេរ្តិ៍​ខ្មាស​ទៅលើ​ពួក​គេ។

នៅ​ព្រឹក​ថ្ងៃទី១១ ខែសីហា សម្ដេច ស ខេង បាន​ថ្លែង​ថា អគ្គស្នងការ​នគរបាល​ជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿ​ន និង​អភិបាលខេត្ត​កំពង់ធំ ឯកឧត្ដម សុខ លូ ជា​អ្នកទទួល​ភារៈ​ពិនិត្យមើល​លើ​បណ្ដឹង​បកអាក្រាត​រឿងអាស្រូវ​របស់​ស្នងការ​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល។

ការ​ថ្លែង​បែបនេះ​របស់​សម្ដេច ស ខេង គឺ​ធ្វើឡើង​ឆ្លើយតប​នឹង​សំណួរ​អ្នកកដែល​សួរ​ពី​ពាក្យបណ្ដឹង​មួយ​ច្បាប់​រៀបរាប់​ពី​ដំណើរ​រឿង​ស្ត្រី​មន្ត្រី​នគរបាល​មួយចំនួន​នៅ​ខេត្តកំពង់ធំ ​ត្រូវ​បានស្នងការ​នគរបាល​ខេត្ត លោក អ៊ុ​ក កុសល បំពាន​ផ្លូវភេទ។ លិខិត​នោះបាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ។

សម្ដេច ស ខេង មានប្រសាសន៍​ថា៖ «មកទល់​ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងម៉េច នៅឡើយ​ រង់ចាំ​ក្រុមការងារ​ដើម្បី​ពិនិត្យ។ ក្នុង​ស្នងការ​ហ្នឹង​មាន​បញ្ហា ការពិត​ខ្ញុំបាន​ព្រមាន​ម្ដង​ហើយ ខ្ញុំ​ក៏បាន​សន្យា​ហើយ​ថា​ក្រោយពី​បានព្រមាន​ហើយ​ បើ​មិន​កែប្រែ​ មានតែ​ឈាន​មួយ​ជំហាន​ទៀត គឺ​ការ​ពិន័យ​រដ្ឋបាល​ធ្ងន់ជាង​នេះឬត្រូវ​ដក។ បើ​រក​ឃើញថា​ប៉ះពាល់​ស្ត្រី​មែន នឹង​អនុវត្ត​ច្បាប់ ច្បាប់​ធ្វើ​ម៉េច​ធ្វើ​អីចឹង។»

លិខិត​ដែល​បែកធ្លាយ​នោះ រៀបរាប់​ថា លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ អ៊ុ​ក កុសល បាន​បំពាន​ផ្លូវភេទ​លើ​សហការី​របស់​ខ្លួន​ជាច្រើន​នាក់ និង​ប្រើអំណាច​មិន​ឱ្យ​មន្ត្រី​នគរបាល​ទាំងនោះ​រើ​បម្រះទៀតផង។

លោ​ក អ៊ុ​ក កុសល ធ្លាប់​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដាក់​ពិន័យ​រដ្ឋបាល​ម្ដង​រួចហើយ​កាលពី​ខែមីនា ក្រោម​មូលហេតុខ្វះ​ការ​យកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រងនិង​ដឹកនាំ​៕

មតិរបស់អ្នក