(ភ្នំពេញ)៖ ជនជាតិខ្មែរ និងជនជាតិនីហ្សេរីយ៉ា សរុបចំនួន៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ ពីបទឆបោក និងសម្អាតប្រាក់ ក្រោយពីកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជាបន្ដបន្ទាប់។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារឹទ្ធ អគ្គស្នងការរងទទួលផែនសន្តិសុខ, ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន កណ្តាលសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពីលោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់រួមមាន ១៖ ឈ្មោះ ប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ២៖ ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា, ៣៖ ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា និង៤៖ ឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងករណី «ឆបោក និងសម្អាតប្រាក់» នាំមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញ បានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់ តាមការទំនាក់ទំនងតាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោត មនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងជនបរទេសក្រៅប្រទេស ឲ្យផ្ញើប្រាក់មកឲ្យខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើ និងដកប្រាក់ និងធនាគារ មួយចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យក៏ផ្ញើប្រាក់នោះ ទៅបក្ខពួកផ្សេងៗដែលមានក្បាលម៉ាស៊ីនដឹកនាំ និងអង្គការចាត់តាំងដោយទទួលបានភាគលាភ ទៅតាមតួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិ ដើម្បីទទួលប្រាក់នៃបទល្មើសនោះទៅទិញ អចលនទ្រព្យ និងបើកអាជីវកម្មផ្សេងៗ ដើម្បីទៅបំលែងជា ហិរញ្ញប្បទាន ស្របច្បាប់ រួចបន្តផ្ញើប្រាក់ទាំងនោះ ទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណង ដើម្បីសម្អាតប្រាក់ ដែលបានមកពីអំពើឆបោក។

បច្ចុប្បន្ន ជនដែលត្រូវចោទទាំង៤នាក់ ត្រូវបានចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ហើយ។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

មតិរបស់អ្នក